ប្រវត្តិ​​ប្រាក់​នៅ​កម្ពុជា


អ្នក​ទាំង​អស់​គ្នា​ប្រាកដជា​​ស្គាល់​ពី​​រូបិយវត្ថុ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះហើយ ។ សព្វ​ថ្ងៃ​នេះ​រូបិយវត្ថុ​ជាតិ​ដែល​​អាច​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ​បាន​មាន ប្រាក់ និង​កាស ។ បើ​និយាយ​ពី​ប្រាក់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​ប្រភេទ​ក្រដាស​ប្រាក់​ហើយ ដូចនេះ​ខ្ញុំ​សូម​លើក​យក​ប្រភេទ​កាស​មួយ​ចំនួន​ដូច​ជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល, ៥០ រៀល ដែល​សុទ្ធសឹង​តែ​បោះ​ពុម្ព​នៅ​ឆ្នាំ ១៩៩៥ ទាំង​អស់ ។ មុន​នេះ​បន្តិច យើង​ប្រើប្រាស់​​ប្រាក់ សេន ដែល​មាន​ដូច​ជា ៥ សេន (បោះ​ពុម្ព​​ឆ្នាំ ១៩៨០) ។ យើង​ឃើញ​ថា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ការ​ប្រើប្រាស់​ប្រាក់​កាស​តែង​​មាន​ការ​ផ្លាស់​ប្ដូរ ។ តើ​ការ​កកើត​ប្រាក់​សម្រាប់​ចាយ​ដំបូង​បំផុត​នៅ​កម្ពុជា ជា​ប្រភេទ​ប្រាក់​អ្វី ? តើ​នរណា​ជា​អ្នក​បង្កើត​ប្រាក់​ដំបូង​បំផុត​នៅ​កម្ពុជា ?

បើ​តាម​ការ​សិក្សា និង​អាន​ឯកសារ​បន្ថែម បាន​ឱ្យ​ដឹង​ថា​ប្រាក់​ដំបូង​បំផុត​​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​មាន​ចរាចរណ៍​នៅ​កម្ពុជា​គឺ​ « ប្រាក់ស្លឹង » ដែល​បាន​បង្កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​ស្រី​ជេដ្ឋាធិរាជរាមាធិបតី (ស្ដេច​កន) សតវត្ស​ទី ១៦ ។ ព្រះ​អង្គ​បាន​បង្កើត​ប្រាក់​នេះ​ឡើង​គឺ​ដើម្បី​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ព្រោះ​កាល​ពី​មុន​រជ្ជកាល​របស់​ព្រះ​អង្គ​ការ​ដោះដូរ​ធ្វើ​ឡើង​ដោយ​ការ​ប្ដូរ​អីវ៉ាន់​គ្នា ឬ​យក​មាស​មក​ប្ដូរ​យក​អីវ៉ាន់​តែ​ម្ដង ដែល​គេ​ពិបាក​ក្នុង​ការ​កំណត់​តម្លៃ​របស់​មាស ។ តាម​សៀវភៅ​ប្រវត្តិវិទ្យា​ថ្នាក់​ទី ១១ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុង​រជ្ជកាល​របស់​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ព្រះ​អង្គ​បាន​ចរចារ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង ហើយ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​ច្រើន​ជាមួយ​បរទេស ។ ប្រាក់​ស្លឹង​ជំនាន់​នោះ​មាន​ធ្វើ​ពី​មាស ប្រាក់ ឬ​ស្ពាន់ ដែល​មាន​ទម្ងន់ ១៥ ក្រាម វិជ្ឈមាត្រ​ប្រហែល ១៥ មីលីម៉ែត្រ ដែល​មាន​ត្រា​រូប​នាគ​នៅ​ពី​មុខ ។ បើ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ នា​សម័យ​សង្គ្រាម​រវាង​ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី និង អង្គចន្ទ, ព្រះ​អង្គ​ក៏​ប្រើ​ទង់​ជ័យកងទ័ព​រូប​នាគ​ក្បាល ៧ ដែរ ។ មក​ដល់​សម័យ​អាណានិគម​​និយម​បារាំង វិទ្យាស្ថាន​បោះ​ប្រាក់នៅ​ឥណ្ឌូចិនបារាំង ក៏​ប្រើ​រូប​នាគ​ក្បាល ៧ សម្រាប់​រចនា​ផ្ទៃ​ខាង​មុខធនបត្រ​ប្រភេទ ៥ រៀល ដែរ ។

លុះ​មក​ដល់​រជ្ជកាល​ព្រះ​បាទ​អង្គឌួង (១៨៤០-១៨៥៩) នា​ឆ្នាំ ១៨៧៦ ព្រះ​បាទ​អង្គឌួង​បាន​បោះ​ប្រាក់​បី​ប្រភេទ​គឺ ៖

  • ប្រាក់​ស្លឹង ៖ តាម​ឯកសារ​ ប្រាក់​ស្លឹង​នា​សម័យ​នេះ​មាន​អក្សរ និង​ត្រា​ដូច​ប្រាក់​ប្រាសាទ​ដែរ​គឺមាន​ត្រា​រូប​ហង្ស​ម្ខាង និង​ត្រា​រូប​ប្រាសាទ​ម្ខាង ។ ក្នុង​វចនានុក្រម​ខ្មែរ​មាន​កត់ត្រា​តែ​ប្រាក់​ស្លឹង​ក្នុង​រជ្ជកាល​ ព្រះបាទ​អង្គ​ឌួង តែ​​មិន​បាន​កត់​ត្រា​ពី​ប្រាក់​ស្លឹង​ដំបូង​បំផុត​នៅ​កម្ពុជា​ទេ គឺ​រជ្ជកាល​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ។ ឯ​ទម្ងន់​នៃ​ប្រាក់​នេះ​គឹ ១ ជី ដូច្នេះ ៤ ស្លឹង ស្មើ​នឹង ១ ប្រាសាទ(ប្រាសាទ​ទី​នេះ​គឺ​ជា​ប្រភេទ​ប្រាក់) ។
  • ប្រាក់​ហួង ៖ តាម​ឯកសារ ប្រាក់​ហួង​មាន​ត្រា​ និង អក្សរ​ដូច​ដូច​ប្រាក់​ប្រាសាទ​ដែរតែ​ទម្ងន់​នៃ​ប្រាក់​នេះ​គឺ ៥ ហ៊ុន ។
  • ប្រាក់​ប្រាសាទ ៖ នៅ​គែម​ជុំវិញ​មាន​ដាក់​កាលបរិច្ឆេទ នៃ​ការបោះ​ពុម្ពប្រាក់​ជា​បី​សករាជ​គឺ ពុទ្ធ​សករាជ ចុ​ល្ល​រាជ និង​មហាសករាជ នៅត្រង់​ផ្ទៃ​កណ្ដាល​មាន​រូប​ហង្ស​តំណាងឲ្យ​ឈ្មោះ​លោក សំអាង ហង្ស ដែល​ព្រះបាទ​អង្គឌួង​បាន​បញ្ជូន​ឲ្យ​សិក្សា​រៀន​ពី​វិជ្ជា​បោះ​ប្រាក់​នៅ​ប្រទេស​ថៃ ។ ដូច្នេះ​បានជា​យើង​ឃើញ​រូប​ហង្ស​នេះ​ត្រូវបាន​យក​ជា​រូប​សញ្ញា​តំណាងឲ្យ « ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ » នា​រជ្ជកាល​ព្រះបាទ នរោត្ដម សីហនុ សម័យ​សាធារណរដ្ឋ​ខ្មែរ (​លន់ ណុល​) និង​សម័យ បច្ចុប្បន្ន​ផង​ដែរ ។​ ផ្ទៃ​ម្ខាង​ទៀត​នៃ​ប្រាក់​នេះ មាន​រូប​ប្រាសាទ​អង្គ​វត្ត ហើយ​នៅ​ពីក្រោម​រូបនេះ​មាន​អក្សរ « ក្រុង​កម​ពូ​ជា » ។ ប្រាក់​ប្រាសាទ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង​មាន​ទំងន់ ៤ ជី និង​វិជ្ឈមាត្រ ៣៥ ម​.​ម ។

ដើម្បី​រម្លឹក​ជា​អនុស្សាវរីយ៍​ដល់​រូបិយវត្ថុ​ដំបូង​បំផុត​របស់​ខ្មែរ និង​រម្លឹក​ដល់​ប្រាក់ប្រាសាទ ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​បោះរៀប​ចំ និង​ដាក់​លក់​ជូន​សាធារណជន ដែល​ប្រាក់​ស្លឹង​មាន​ពីរ​ប្រភេទ​គឺ ព័ណ៌មាស និង ពណ៌ប្រាក់ លក់​ក្នុង​តម្លៃ ៥៩ ដុល្លារសហរដ្ឋអាម៉េរិក និង ប្រាក់​ប្រាសាទ មាន​ព័ណ៌​ប្រាក់ លក់​ក្នុង​តម្លៃ ៥៩ ដុល្លារ​សហរដ្ឋអាម៉េរិក ។ ក្នុង​នោះ អ្វី​ដែល​ស្ទើរ​តែ​ពុំ​គួរ​ឱ្យ​ជឿ​នោះ គឺ​ប្រាក់​ស្លឹង​ក្នុង​រជ្ជកាល​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ត្រូវ​បាន​បោះពុម្ព​ឡើយ​វិញ​ដោយ​មាន​អក្សរ NAGA ដែល​មាន​ន័យ​ថា នាគ នៅ​លើ​កាស​បុរាណដែល​បាន​បោះពុម្ព​ឡើង​វិញ​នោះ ។

ទាំង​នេះ​ជា​រូបភាព​ប្រាក់​ដែល​បោះពុម្ព​ឡើងវិញ និង​កំពុង​ដាក់​លក់ ៖

7 Responses to ប្រវត្តិ​​ប្រាក់​នៅ​កម្ពុជា

  1. ខ្ញុំ​មិន​ដែល​ឃើញ​កាក់​ប្រភេទ​នេះ​សោះ! ជា​ពិសេស​មាន​គេ​ប្រើ​ពាក្យ “ក្រុងកមពូជា” ដែរ? ធ្លាប់​តែ​ឃើញ​គេ​សម្រាយ​ពាក្យ​នេះ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ ។

  2. ធនាគារ​ជាតិ​បាន​បោះ​ពុម្ព​សម្រាប់​លក់​? ចុះ​អ្នក​ដែល​ទិញ​វិញ​? តើ​សម្រាប់​ទុក​ជា​អនុស្សាវរីយ​​តែ​មួយ​មុខ​ឬ?​ អាច​យក​មក​ចាយ​​ដូច​លុយ​ធម្មតា​បាន​អត់?

  3. សុំ​ទោស​ផង​ដែល​ឆ្លើយ​តប​យឺត ព្រោះ​ជាប់​ទៅ​ដើរ​លេង​វិស្សមកាល​នៅ ខែត្រ​រតនគិរី បាន​បី​ថ្ងៃ​ដែរ កុំ​ឱ្យ​ថា​គេ​បាន​ឈប់ ខ្ញុំ​អត់​បាន​ឈប់…
    គិត​ទៅ​ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី កាន់​អំណាច​បាន​ខ្លី មិន​បាន​សាងសង់​ប្រាសាទ​ឱ្យ​បាន​ធំ​ដូច​គេ តែ​បាន​បង្កើត​រូបិយណ្ណ​សម្រាប់​ចាយ​ដំបូង​គេ​បំផុត​នៅ​ស្រុក​ខ្មែរ ដែល​យើង​គប្បី​ចងចាំ​ឈ្មោះ​គាត់​ដែល​ជា​រាស្ត្រ​មួយ​រូប​បាន​ឡើង​គ្រប់គ្រង​ប្រទេស
    រដ្ឋ ៖ «ក្រុម​កមពូជា » ព្រោះ​ប្រាក់​ប្រភេទ​នេះ​ត្រូវ​បាន​បោះពុម្ព​តាំង​ពី​បូរាណសម័យ ហេតុ​នេះ​ហើយ​ទើប​គេ​រក្សា​លក្ខណៈ​របស់​ពាក្យ​នេះ​ឱ្យ​នៅ​ដដែល ។ បើ​តាម​ឯកសារ​ច្បាប់​គេ​សរសេរ​ថា កាស ។ ប្រាក់​គឺ​រូបិយបណ្ណ​ធ្វើ​ពី​ក្រដាស ឯ​កាស​ធ្វើ​ពី​លោហធាតុ ។ ប៉ុន្តែ​វចនានុក្រម​ខ្មែរ​និយាយ​ថា​កាស និង សេន​គឺ​ខុស​គ្នា​ ។ កាក់​មាន​បី​យ៉ាង​គឺ ១០ សេន, ២០ សេន, ៥០ សេន ។
    ស៊ីម៉ាដាម ៖ កាស​ប្រភេទ​នេះ​ត្រូវ​បាន​បោះពុម្ព​សម្រាប់​លក់​ជា​វត្ថុ​អនុស្សាវរីយ៍ តែ​មិន​អាច​យក​មក​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​សម្រាប់​ដោះដូរ​ទំនិញ​ដូច​ប្រាក់កាស​ធម្មតា​បាន​ទេ ។ ក្រៅ​ពី​នេះ​នៅ​មាន​កាស​ជា​ប្រមាណ ២ ឬ ៣ ប្រភេទ​ទៀត​ដែល​គេ​បោះពុម្ព​លក់​ជា​វត្ថុ​អនុស្សាវរីយ៍ ។ បច្ចុប្បន្ន​ប្រាក់កាស​ដែល​អាច​ធ្វើ​ចរចារណ៍​មាន​តែ ក្រដាស​ប្រាក់​ រៀល ដែល​យើង​និយម​ចាយ និង​កាស​(កម្រ​នឹង​ឃើញ ឬ​មិន​ឃើញ​សោះ) ដែល​មាន​កាស ៥០៛, ១០០៛, ២០០៛, ៥០០៛ ។ ព័ត៌មាន​លម្អីត​អាច​ចូល​ទៅ​មើល​នៅ​គេហទំព័រ​របស់​ធនគារ​ជាតិ បាន ។

  4. តើ​​ប្រទេស​កម្ពុជា​​ចេះ​យក​ប្រាក់​មក​ធ្វើ​ការ​ដោះ​ដូរ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ នៅ​សម័យ​ណា? មូល​ហេតុអ្វី​បាន​​កម្ពុជា​ដាក់​ឈ្មោះ​លុយ​របស់​ខ្លួន​ថា​រៀល?

    • ខ្មែរ​ពី​ដើម​ដោះ​ដូរ​គ្នា​ដោយ​ប្រើ​របស់​និង​របស់ ។ ​លុះ​មក​ដល់រជ្ជកាល​ស្ដេច​កន ​ប្រាក់​ដំបូង​បំផុត​របស់​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង ​ដែល​ត្រូវ​បាន​ធ្វើ​ពី​វត្ថុ​មាន​តម្លៃ​ដូច​ជា មាស ប្រាក់​ ឬ ស្ពាន់ ។ មក​ដល់​សម័យ​អាណានិគម​បារាំង ម្ចាស់​អាណានិគម​ក៏​បាន​បង្កើត​រូបិយវត្ថុ​រួម​សម្រាប់​ដាក់​ឱ្យ​ធ្វើ​ចរាចរណ៍​នៅ កម្ពុជា ឡាវ និង​វៀតណាម ។ ក្រោយ​ពី​ទទួល​បាន​ឯករាជ្យ ខ្មែរ​ក៏​បាន​បោះពុម្ព​ប្រាក់​រៀលដំបូង​បំផុត ដែល​មាន​សណ្ឋាន​ជា​កាក់​ ដែល​ធ្វើ​ពី​អាលុយមីញ៉ូម ។ លុះ​ដល់​​​ឆ្នាំ ១៩៥៥ ធនាគារ​ជាតិ​ក៏​បាន​ប្រកាស​ឱ្យ​ប្រើ​ក្រដាស​ប្រាក់​រៀល ។
      ចំពោះ​ពាក្យ​រៀល​នេះ វចនានុក្រម​បាន​បង្ហាញ​ថា ភាសា​សៀម​អាន​ថា ហ្រៀន និង​លាវ​​អាន​ថា ហ្លៀន ដែល​មាន​ប្រភព​ពី​ពាក្យសំស្ក្រឹត ហិរណ្យ និង​ពាក្យ​បាលី ហិរញ្ញ ដែល​មាន​ន័យ​ថា មាស​ប្រាក់ ឬ ទ្រព្យ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s