នៅជុំវិញបញ្ហានេះ យើងឃើញមានមតិមួយចំនួនលើកឡើងថា «គួរធ្វើបដិវត្តន៍អក្សរខ្មែរពីព្យាង្គតម្រួតមកព្យាង្គរាយ» ។ ពូកគាត់និយាយបែបនេះព្រោះពួកគាត់យល់ថា ព្យាង្គរាយងាយសរសេរ ងាយអាន ហើយងាយស្រួលឱ្យបរទេសសិក្សាអក្សរខ្មែរ ។ មានទស្សនខ្លះលើកឡើងថា «អក្សរព្យាង្គតម្រួតសុទ្ធសឹងតែជាអក្សររបស់បាលី សំស្ក្រឹត» ។ ហើយចុះហេតុអ្វីយើងចាំបាច់បន្តសរសេរព្យាង្គតម្រួត ?
ជាបឋមយើងគប្បីយល់ពីអត្ថន័យព្យាង្គតម្រួត និងដឹងពីក្បួនកំណត់ចំណាំពាក្យដែលគប្បីសរសេរជាព្យាង្គតម្រួត ។ ព្យាង្គតម្រួតគឺសំដៅលើការសរសេរអក្សរត្រួតលើគ្នាដែលគេរាប់បញ្ចួលទាំង បង្ករ, បង្កាច់, ស្ដី, ប្រាប់, ប្រុង, ចង្កឹះ ជាដើម ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ថា ពាក្យទាំងឡាយណាដែលកើតចេញពីពាក្យដើម(ពាក្យឫស)សរសេរតម្រួត ពាក្យទាំងនោះត្រូវសរសេរតម្រួតតាមពាក្យដើមទាំងនោះដែរ ដូចជាពាក្យ ឆ្កួត>ចម្កួត, ជ្រើស>ជម្រើស, ត្រួត>តម្រួត, ថ្កើង>តម្កើង, ជ្រុះ>ជម្រុះ, ឆ្កឹះ>ចង្កឹះ ជាដើម ។ ប៉ុន្តែទន្ទឹមនឹងនេះយើងឃើញពាក្យឫសខ្លះទៀតដែលមិនមែនជាព្យាង្គតម្រួត តែពាក្យក្លាយបែរជាសរសេរតម្រួតវិញដូចជា រាង(ចាល)(កិ.)>ពង្រាង(កិ.), រឹង(គុ.)>ពង្រឹង(កិ.), រត់(កិ.)>ពង្រត់(កិ.) ជាដើម ។ ពាក្យដែលប្រកបនឹងខ្យល់នាសិកជៈ(ខ្យល់ច្រមុះ) ដែលមានដូចជា ង, ញ, ណ, ន, ម ត្រូវសរសេរនឹងព្យាង្គតម្រួត ដូចជា កង្កែប, គីង្គក់, បណ្ដាល ជាដើម ។ ពាក្យមួយចំនួន ដែលមិនមែនជាពាក្យក្លាយចេញពីពាក្យដើមសរសេរតម្រួត ហើយក៏មិនប្រកបនឹងខ្យលនាសិកជៈដែរ តែបុព្វបុរសខ្មែរកំណត់ឱ្យសរសេរតម្រួត ។ ពាក្យទាំងនោះច្រើនមានប្រភពមកពីបាលី និង សំស្ក្រឹត ។ ទន្ទឹមនឹងនេះក៏មានពាក្យមួយចំនួនមានការលើកលែងដែរដូចជា ល្អ>លម្អ ឬ លំអ, ស្ដី>សម្ដី ឬ សំដី ជាដើម ។
យើងសង្កេតឃើញថា ភាសាដទៃទៀតហាក់បីដូចជាគ្មានព្យាង្គតម្រួតដូចភាសាខ្មែរទេ ។ ជាក់ស្ដែងភាសាថៃ យួន អង្គ្លេស បារាំង លាវ… ។ នេះជាចំណុចពិសេសមួយរបស់ភាសាខ្មែរ ដែលយើងគប្បីរក្សាទុកជាលម្អាន ។ ទន្ទឹមនឹងនេះចំពោះការដែលចង់ធ្វើបដិវត្តន៍ព្យាង្គតម្រួតមកព្យាង្គរាយ នោះមានន័យថាលុបចោលនូវជើងរបស់ព្យញ្ជនៈ ហើយពាក្យមួយចំនួនប្រែក្លាយមកជាព្យាង្គរាយដូចភាសាថៃ និងភាសាដទៃទៀត ឧទាហរណ៍ ៖ ស្ដី>សដី, បន្ត>បន់ត, បុណ្យ>បុណ, ស្រា>សរា, ល្អ>លអ, ស្រវា>សរវា, បណ្ដាល>បន់ដាល… ។ ទាំងនេះសុទ្ធតែធ្វើឱ្យអក្សរខ្មែរកាន់តែផ្ដេសផ្ដាស ហើយបាត់បង់លក្ខណៈពិសេសរបស់ខ្លួន ។ ហេតុដូចនេះបានជាយើងគប្បីរក្សាលំនាំព្យាង្គតម្រួតឱ្យនៅដដែល ហើយចៀសវាងបដិវត្តន៍ព្យាង្គតម្រួត ។ ចំពោះពាក្យដែលមិនប្រាកដថាគួរសរសេរជាព្យាង្គតម្រួត ឬរាយ យើងគប្បីផ្ទៀងផ្ទាត់ដោយយកវចនានុក្រមខ្មែរជាគោល ។
ប្រសិនបើមានការយល់ឃើញផ្សេងពីនេះ ឬចង់បញ្ចេញយោបល់ សូមបង្ហាញទស្សនផ្ទាល់ខ្លួនរបស់អ្នកតាមរយៈវិចារខាងក្រោម ដើម្បីចូលរួមពិភាក្សា អភិវឌ្ឍគ្នាទៅវិញទៅមក ។
សូមអរគុណ !
ពាក្យមួយចំនួន ដែលមិនមែនជាពាក្យក្លាយចេញពីពាក្យដើមសរសេរតម្រួត ហើយក៏មិនប្រកបនឹងខ្យលនាសិកជៈដែរ តែបុព្វបុរសខ្មែរកំណត់ឱ្យសរសេរតម្រួត ។ ពាក្យទាំងនោះច្រើនមានប្រភពមកពីបាលី និង សំស្ក្រឹត ។
យល់ស្រប! ណូ ខមមេនត៍!
យោបល់ល្អ ! សុំសរសើរ ……… តាស៊ីក្លូសុំឆ្ងល់មួយនឹងចង់រកមុខនរណាគេដែលហ៊ានប្រើពាក្យថា
” ធ្វើបដិវត្តន៏អក្សរសាស្ត្រខ្មែរ ” ? ស្តាប់ទៅដូចជាខ្លាំងសំបើមណាស់ក្រុមមនុស្សចង់ធ្វើបដិវត្តន៏នេះពិតជា
មិនធម្មតាមែន ! សុំសរសើរៗៗៗៗៗ……………
មិនឲ្យសរសេរជាព្យាង្គតំរួតយ៉ាងម៉េចកើតបើពាក្យខ្មែរខ្លះយកពាក្យសំស្ក្រឹត បាលីមកប្រើ ដោយពាក្យនោះ
គ្មានសោះនៅក្នុងភាសាខ្មែរយើង។ ជាក់ស្តែងមើលតែពាក្យថា ” បុណ្យ ” ទៅ ឃើញហើយ។ វាជាពាក្យ
សំស្រ្កឹតសុទ្ធសាធ គឺមកពីពាក្យថា ” បុណ្យះ ” (មិនដឹងជាតាស៊ីក្លូសរសេរខុសឬត្រូវនោះទេ សុំអភ័យទោស
នឹងសុំជួយកែផងបើសិនជាតាស៊ីក្លូសរសេរខុស “។
តាស៊ីក្លូកំពុងតែរកមុខអ្នកណាមួយដែលហ៊ាននិយាយថា “ធ្វើបដិវត្តន៏ភាសាខ្មែរ ” ផង ! សូម្បីតែសម្តេចសង្ឃ
ជួន ណាត ដែលលោកល្បីល្បាញខាងផ្នែកអក្សរសាស្រ្តខ្មែរ លោកនៅមិនទាន់ហ៊ានមានសង្ឃដិការថា ” ធ្វើ
បដឹវត្តន៏អក្សរសាស្រ្តខ្មែរផង ” រួចចុះក្រុមមនុស្សដែលចង់ធ្វើបដិវត្តន៏នោះ ពួកគាត់សំអាងទៅលើរឿងអីដែល
ចង់ធ្វើ?
តាស៊ីក្លូចង់តែចាប់ប្រមូលក្រុមមនុស្សដែលអួតអាង និយាយថា ” ចង់ធ្វើបដិវត្តន៏ភាសាខ្មែរ ” នោះដាក់ស៊ីក្លូ
ហើយឌុបយកទៅឲ្យរៀនពីភាសាវិទ្យា ភាសាខ្មែរ និងទៅរៀនអានសិលាចារិកជាភាសាខ្មែរ ជាភាសាសំស្រ្កឹត
ម្តងដើម្បីឲ្យពួកក្រុមមនុស្សអស់ហ្នឹងស្ងាត់បាត់មាត់ចុកម្តងទៅមើល កុំឲ្យពូកែនិយាយខ្លាំងពេក !
សង្ស័យតែក្រុមមនុស្សចង់ធ្វើបដិវត្តន៏ភាសាខ្មែរហ្នឹងហើយ ដែលសរសេរនៅតាមការ៉ាអូខេអីគេនោះ ….
ពាលពៅ គេសរសេរទៅជា ពាលប៉ូវ …. សូមថ្នម គេទៅជាសរសេរ សូមត្មម ទៅវិញ ……..
ទៅមើលទៅឃើញខុសឲ្យតែពាសពេលច្រៀងការ៉ាអូខេម្តងៗ ! នេះសង្ស័យតែបដិវត្តន៏អក្សរសាស្ត្រខ្មែរ
ជ្រុលពេកហើយមើលទៅ ហេហេហេហហេហ……..
ហេហេហេហ ចេះជ្រុល ! កូនខ្មែរឡប់អស់ហើយ លោកអ៊ើយ !!!!!!!!! អស់លោក ” ធ្វើបដិវត្តន៏ភាសា
ខ្មែរ ” ហេហេហេហេហហហេហេហេហ ………
ខ្ញុំធ្លាប់ជួបគេនិយាយថា «បដិវត្តព្យាង្គតម្រួតមកព្យាង្គរាយ» តែមិនចាំថានៅកន្លែងណា ។
កាលពីមុនធ្លាប់មានបណ្ឌិតអក្សរសាស្ត្រខ្មែរមួយរូបព្យាយាមកែប្រែអក្សរខ្មែរ ពី ឱ្យ មក អោយ, សម្រាប់ មក សំរាប់, សម្រាល មក សំរាល… ជាបន្តបន្ទាប់ ហើយគាត់ក៏ធ្លាប់បានកែពាក្យបុណ្យនេះដែរ តែខ្ញុំមិនចាំថាគាត់កែទៅយ៉ាងម៉េច ។ ជាកុសលគាត់កែប្រែមិនបានសម្រេច តែគាត់បានធ្វើឱ្យកូនខ្មែរជាច្រើនប្រើប្រាស់អក្សរខ្មែរខុសក្បួនដោយសារគាត់ ។ គាត់នេះក៏ចេះអានសិលាចារឹកដែរ ។
ទន្ទឹមនឹងនេះក៏ធ្លាប់មានបុគ្គលមួយរូបបានបោះពុម្ពសៀវភៅវេយ្យាករណ៍ខ្មែរសម្រាប់លក់ជាសាធារណៈ ដោយក្នុងសៀវភៅគាត់បានសរសេរពីការបែងចែកភេទក្នុងភាសាខ្មែរខុសពីក្បួនខ្នាតរបស់ខ្មែរ ។ ជាធម្មតាពាក្យខ្មែរពុំមានចែកភេទឡើយ ។ សំណាងល្អដែរ សៀវភៅហ្នឹងមិនទាន់ចេញលក់ផង ក៏ត្រូវបានក្រសួងអប់រំយុវជន និង កីឡា ចេញបញ្ជាឱ្យយកសៀវភៅនោះដុតចោលទាំងអស់ ។
ខ្ញុំក៏ឃើញក្នុងភូមិ WordPress នេះសរសេរខុសច្រើនដែរដូចជា សេចក្ដីព្រាង ទៅជា ពង្រាង, ធ្វើទំនើបកម្ម ទៅជា បន្ទាន់សម័យ… ។ ខ្ញុំព្យាយាមកែប្រែដែរ តែមិនបានសម្រេច ។
សិរីបុត្រអ្ហាហ៏ !
ដោយសារតែមានព្យាង្គតំរួតហ្នឹងហើយទើបអក្សរ
សាស្រ្តខ្មែរជាប់ឈ្មោះថាមានលក្ខណះពិសេស
ដាច់ពីគេ។ វាខុសពីអក្សរសៀម អក្សរលាវដែល
គ្មានលក្ខណះពិសេសអ្វីសោះ គឺវាសាមញ្ញៗ។
គេរអ៊ូថា អក្សរចិន អក្សរហ៊េប្រ៊ូ ពិបាករៀន ដល់តែ
ពេលមករៀនអក្សរខ្មែរ មួយៗ គ្រវីក្បាលដូចគោ
ស្រាំងទិចអញ្ចឹង ! នរណាថារៀនអក្សរខ្មែរស្រួល
នោះ? វាពិបាករៀនជាងអក្សរចិនទៅទៀត ….
តាស៊ីក្លូសុំប្រាប់មួយចុះ ថានៅក្នុងប្លុកដែលគេ
សរសេរដាក់ថា ” ធ្វើបដិវត្តន៏ភាសាខ្មែរនោះ មិន
ប្រើព្យាង្គតំរួត គឺប្រើព្យាង្គរាយ ” គឺនៅក្នុងប្លុក
របស់អាខ្មោចឆៅ ឬអាឆ្កួតជាន់ពែរ ។ ដល់លោ
តែវាពូកែខ្លាំងពេកទៅ ស្រាប់តែពេលខ្លះវាសរសេរ
អក្សរខ្មែមានសញ្ញា , បែបនេះ (តើមានដែរឬទេ
នៅក្នុងភាសាខ្មែរយើងដែលប្រើសញ្ញាបែបនេះ?)
បើនិយាយថា ” គួរពិចារណាក្នុងការកែប្រែដោយ
មិនសរសេរព្យាង្គតំរួត គឺសរសេរជាព្យាង្គរាយ ”
នោះប្រហែលជាតាស៊ីក្លូមិនសូវជាចាប់អារម្មណ៏
ប៉ុន្មានទេ ប៉ុន្តែដល់តាស៊ីក្លូជ្រិញខ្លាំងនោះគឺហ៊ាន
ប្រើពាក្យថា ” ធ្វើបដិវត្តន៏ភាសាខ្មែរ ” ហេហេហេ
វាស្អីវា? វាអាងស្អីបានជាចង់ធ្វើបដិវត្តន៏ភាសានិង
អក្សរសាស្ត្រខ្មែរនោះ? តាស៊ីក្លូកោតតែវាហ៊ាន
និយាយពាក្យនេះចេញមកកើត ដោយមិនចេះខ្មាស់
មាត់និងខ្មាស់អ្នកផងដ៏ទៃទៀតដែលគេចេះដឹង
យល់ដឹងច្រើនពីអក្សរសាស្ត្រខ្មែរ ប៉ុន្តែគេមិនដែល
និយាយពាក្យថា ” ធ្វើបដិវត្តន៏អក្សរសាស្ត្រឬភាសា
ខ្មែរ ” ទេ។ ពាក្យថា “ធ្វើបដិវត្តន៏ ” នេះមានន័យ
ខ្លាំងណាស់ណា ចៅសិរីបុត្រក៏បានដឹងរួចមកហើយ
ដែរ ………..
សង្ឃឹមថាចៅសិរីបុត្រមិនប្រើពាក្យនេះតាមខួរក្បាល
ឡប់ឆ្កួតរបស់ អាខ្មោចឆៅ ទៅចុះ ! វាមិនដែល
ម៉ែអាណាអក្សរខ្មែរសរសេរមាន ក្បៀស , ហេ
ហេហេហេហេហេហេហេហេ ! អាអ្នកធ្វើបដិវត្តន៏ !
ចំជាអស្ចារ្យមែន ! អានេះនៅក្នុងភាសាខ្មែរគេ
ហៅថា ” គ្មានដឹងខ្យល់អីមែន គឺដឹងតែល្ហើយ ! “។
ខ្ញុំគិតថា ព្យាង្គតំរួតក្នុងភាសាខ្មែរ មិនមែនមិនអាចសរសេរជាព្យាង្គរាយបាននោះទេ ។ គឺបាន ប៉ុន្តែមិនមែនបានទាំងអស់នោះទេ ដូចជាពាក្យ៖ សម្រាប់>សំរាប់, ចម្រៀង>ចំរៀង … ក៏អាចសរសេរជាព្យាង្គរាយបានដែរ ។
ព្យាង្គតម្រួតជួយឱ្យយើងកាន់តែងាយស្រួលកក្នុងការសម្គាល់បាននូវពាក្យឫសរបស់ពាក្យនោះ ៖
ចម្រៀង >ច្រៀង, តែបើ ចំរៀង>ច្រៀង ឬ រៀង ?
សម្រាប់>ស្រាប់, តែបើ សំរាប់>ស្រាប់ ឬ រាប់ ?
ជម្រួញ>ជ្រួញ, តែបើ ជំរួញ>ជ្រួញ ឬ រួញ ?
កម្រាល>ក្រាល, តែបើ កំរាល>ក្រាល ឬ រាល ?
…..
អាចទទួលបានឬអត់សម្លាញ់ ?
បាទសម្លាញ់!
ខ្ញុំគាំទ្រការប្រើព្យាង្គតម្រួតទាំងស្រុង!
ខ្ញុំមិនដឹងថា អ្នកទាំងអស់គ្នាបានអានអារម្ភកថាវចនានុក្រមខ្មែរបោះពុម្ពឆ្នាំ១៩៦៥(?) ហើយរឺនៅទេ?
តាមពិតទៅពីដើមមក មុនពេលបោះពុម្ពវចនានុក្រមលើកនេះ គេអាចសរសេរបានទាំងពីរបែប ដូចជាសំរាប់ក៏បាន សម្រាប់ ក៏បាន។ តែក្រោយមកទៀតសម្តេចជួនណាតក៏សំរេចចិត្តលុបពាក្យខ្លះចោលវិញ ដូចជាសំរាប់ ទុកតែសម្រាប់ ដោយបង្កើតគោលការណ៍ថ្មីមួយ គឺ បើសម្រាប់រឺសំរាប់ ក្លាយពីស្រាប់ ប្រើជើង រ នោះត្រូវរក្សាជើងរ ជាជើងរ ដដែល។ សូមបញ្ជាក់ថា នេះជាក្បួនថ្មីទេ មិនមែនជាក្បួនពីដូនពីតមកទេ។
ប៉ុន្តែ នៅក្នុងអារម្ភកថានោះដដែល គេក៏មិនហ៊ានអះអាងថា សរសេរ សម្រាប់ បែបនេះត្រឹមត្រូវជាង សំរាប់ រឺរក្សាលក្ខណៈអក្សរសាស្ត្រខ្មែរ ជាងសរសេរ បែប សំរាប់ នេះដែរ។… មានន័យសរសេរបានទាំងពីរ តែគេស្នើថា គួរសរសេរថា សម្រាប់ ល្អជាង។
**នៅក្នុងសិលាចារឹកសវទី១៣ គេសរសេរ សម្តេច ថា សំតេច។ ខ្ញុំជឿថាមិនមែនអ្នកចារនៅលើថ្មនោះ គេមិនចេះខ្មែរនោះទេ ហើយក៏មិនមែនគេចារបែបនេះដោយទទួលឥទ្ធិពលពីសៀមដែរ។
** រឿងបដិវត្តន៍អក្សរសាស្ត្រខ្មែរ ខ្ញុំថាបើមានគេធ្វើ គឺក្រុមអ្នករៀបចំវចនានុក្រមខ្មែរនេះឯងដែលបានធ្វើមុនគេ
គិតទៅ ខ្ញុំគិតឃើញផ្ទុយពីអ្នកទាំងអស់គ្នាតែម្តង
ច្រលំយកaccount ប្រពន្ធមកប្រើ
លោកគ្រូចៅវិចិត្រ !
តាស៊ីក្លូចាប់អារម្មណ៏នឹងពាក្យរបស់ចៅមួយដែលនិយាយថា នៅក្នុងសិលាចារឹកសតវត្សរ៏ទី១៣ ពាក្យ
សម្តេច គេសរសេរថា សំតេច….. តើលោកគ្រូចៅវិចិត្រអាចជួយប្រាប់តាស៊ីក្លូបានទេថាតើនៅក្នុង
សិលាចារឹកដែលចៅនិយាយក្នុងសតវត្សរ៏ទី១៣នោះ មានលេខចុះបញ្ជី K ប៉ុន្មាន? ហើយមានប្រភព
មកពីខេត្តណាដែរក្នុងស្រុកខ្មែរយើង?
តាស៊ីក្លូចាប់អារម្មណ៏រឿងនេះខ្លាំងមែនទែនព្រោះតាស៊ីក្លូធ្លាប់បានអានសិលាចារឹកច្រើនណាស់រួចមកហើយ
ប៉ុន្តែមិនដែលបានប្រទះឃើញពាក្យមួយនេះទេ (ជាពិសេសេសិលាចារឹកសតវត្សរ៏ទី១៣)។ ដល់ពេលឮ
លោកគ្រូចៅវិចិត្រនិយាយប្រាប់បែបនេះ តាស៊ីក្លូភ្ញាក់ខ្លួនព្រើតតែម្តង ព្រោះវាជារឿងថ្មីហើយចំលែក។
ពាក្យ សំតេច ដែលមានចារនៅក្នុងសិលាចារឹកនេះ តាស៊ីក្លូធ្លាប់បានជួបប្រទះឃើញច្រើនដងណាស់មក
ហើយៗ ភាគច្រើនជាសិលាចារឹកចារនៅដើមសតវត្សរ៏ទី ១៥ ទៅ (សម័យកណ្តាល) គេប្រទះឃើញ
ពាក្យនេះមានប្រើច្រើននៅក្នុងសិលាចារឹកអង្គរ។ ពាក្យនេះតាស៊ីក្លូជឿថាមានឥទ្វិពលពីសៀមពិតប្រាកដ
មែន ព្រោះខ្មែរយើងនៅសម័យកណ្តាលនោះ ទទួលឥទិ្វពលពីសៀមមកខ្លាំងណាស់ ជាពិសេសរឿង
ពុទ្ធសាសនា។ យើងមិនបាច់ឆ្ងល់ច្រើនទេក្នុងរឿងនេះ ព្រោះកាលណាបើទទួលឥទិ្ធពលសាសនា ពេល
នោះអក្សរសាស្ត្រក៏មានការផ្លាស់ប្តូរដែរ។ ពាក្យសំតេចនេះតាស៊ីក្លូជឿថាជាពាក្យខ្មែរសុទ្ធសាធ មិនមែន
ជាពាក្យសំស្រ្កឹតឬបាលីនោះទេ ព្រោះអីគេមិនដែលឃើញសិលាចារឹកដែលសរសេរមុនសម័យកណ្តាល
ប្រើពាក្យនេះសោះ។ ការដែលប្រើពាក្យសំតេចដែលគេតែងតែឃើញមានចារនៅក្នុងសិលាចារឹកសម័យ
កណ្តាលនៅលើប្រាសាទអង្គរវត្តនោះ ភាគច្រើនគេនិយាយពីអ្នកមាន អ្នកធំ បានធ្វើបុណ្យ និងជ្រោមជ្រែង
ព្រះពុទ្ធសាសនា ដើម្បីទទួលបានកុសលផលបុណ្យទៅជាតិក្រោយទៀត។
សង្ឃឹមថាលោកគ្រូចៅវិចិត្រនិងជួយបា្រប់តាស៊ីក្លូពីលេខចុះបញ្ជី K របស់សិលាចារឹកដែលមានសរសេរ
ពាក្យសំតេចនៅសតវត្សរ៏ទី១៣ ដូចលោកគ្រូចៅបាននិយាយ។ អរគុណទុកជាមុន
រកឃើញហើយ សិលាចារឹកនោះចុះលេខK227
(យោងតាម http://www.khmerenaissance.info/heritage_history/0029_banteay_chhmar.html)
ត្រង់ពាក្យ ឱ្យ និង អោយ នេះ។ សេរីបណ្ឌិត ប្រឆាំងនឹង ការកែពី ឱ្យ មក អោយ។ តើបណ្ឌិតប្រឆាំង តែនឹងការកែពាក្យ ឱ្យនេះជាពិសេស រឺអោយតែកែស្រៈពេញតួ បណ្ឌិតប្រឆាំង?
បើតាមទស្សនរបស់ខ្ញុំ បានជាគេសម្រេចឱ្យសរសេរ សម្រាប់ ប្រសើរជាង សំរាប់ ព្រោះប្រសិនបើយើងសរសេរ សម្រាប់ យើងអាចសម្គាល់បានភ្លាមថាពាក្យនេះបានមកពី ស្រាប់ ។ ហើយប្រហែលគេចង់ឱ្យអក្សរខ្មែរផុសនូវលក្ខណៈពិសេសមួយខុសពីភាសាដទៃ,ឧទាហរណ៍ សម្រាប់, សម្រាល, សម្រាក… ។ ប្រហែលទើបនឹងកែប្រែក្នុងសម័យសម្ដេចព្រះសង្ឃរាជ ជួន ណាត ផងមិនដឹង ដោយយល់ឃើញថាការប្រើបែបនេះគឺងាយស្រួលជាង ។ ខ្ញុំឃើញក្នុងប្រាក់សម័យបុរាណគេសរសេរថា កមពូជា តែបច្ចុប្បន្នគេសរសេរថា កម្ពុជា ។
កាន់តែផ្ដេសផ្ដាសនោះគឹការលុបចោលនូវព្យញ្ជនៈដែលមានសញ្ញាទណ្ឌឃាដនៅពីលើ ។ បើតាមខ្ញុំដឹងពាក្យដែលមានទណ្ឌឃាដពីលើសុទ្ធសឹងតែជាពាក្យខ្ចីពីគេ ។ ឧបករណ៍ ទៅជាឧបករ, ឧទាហរណ៍ ទៅជាំ ឧទាហរ, អញ្ចឹង ការណ៍ មិនទៅជា ការ ហើយ, ច្រឡំគ្នាពេញហ្នឹងទៀត ។
និយាយដល់ពាក្យខ្ចីខ្ញុំនឹកឃើញពាក្យមួយគឺ សិវលិង្គ ដែលសរសេរជាតួអក្សរឡាតាំង SIVALINGA ឬ SHIVALINGA ហើយខ្ញុំធ្លាប់បានឮគេអានថា ស៊ីវ៉ាលិង្កា (បកប្រែតាមខ្សែភាពយន្តហូលីវូដ), គាត់មិនអានតាមសូរខ្មែរ សូរសំស្ក្រឹត តែបែជាអានតាមសូរអង្គ្លេសវិញ ។ ហួសចិត្ត….!?
ខ្ញុំពុំបានប្រឆាំងជាពិសេសអ្វីទេ តែគ្រាន់តែចង់គោរពក្បួនអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរឱ្យបានល្អតាមដែរខ្ញុំអាចធ្វើបាន ព្រោះខ្ញុំមិនមែនជាអ្នកប្រាជ្ញ ឬអ្នកឯកទេសខាងអក្សរសាស្ត្រខ្មែរអ្វីនោះទេ ។ ទោះយ៉ាងណាខ្ញុំសូមអរគុណចំពោះការចូលរួមជាមតិយោបល់ ។
ដូច្នេះមានន័យថា បណ្ឌិតឯងនិយាយថា គេសរសេរ សំរាប់ មិនសរសេរ សម្រាប់ ថាធ្វើបដិវត្តន៍អក្សរសាស្ត្រនោះគឺខុសហើយ។ គឺគេគ្រាន់តែមានជំរើ់សផ្សេងគ្នាតែប៉ុណ្ណោះ។ ដូច្នេះបណ្ឌិតឯងអាចនិយាយថា ការសរសេរ សម្រាប់ ប្រសើរជាង សំរាប់។ តែគ្មាននរណាកែអក្សរខ្មែរ នរណាមិនកែនោះទេ។ ព្រោះបើនិយាយបែបនេះធ្ងន់ធ្ងរណាស់ ហើយនាំអោយខ្មែរស្អប់ខ្មែរ ដោយសារតែយល់ច្រលំ។
រឿងពាក្យឧបករណ៍ ឧបករ អីនេះខ្ញុំមិនដែលលឺសោះ។
ខ្ញុំធ្លាប់អានសៀវភៅមួយរបស់លោកកេងវ៉ាន់សាក់។ គាត់បានស្នើក្នុងការបង្កើតពាក្យថ្មី អំពីការប្រើប្រាស់ suffix -ករណ៍ និង ករ។ គាត់បានស្នើថា បើនាមអ្នកធ្វើអំពើជាមនុស្ស គួរប្រើ -ករ តែ នាមអ្នកធ្វើអំពើមិនមែនជាមនុស្សគួរប្រើ -ករណ៍ ព្រោះយើងបានប្រើពាក្យ ឧបករណ៍ នេះដូចនេះហើយ។
ឧទាហរណ៍ កម្មករ កសិករ,….
ឧបករណ៍, ប្រតិករណ៍ (ធ្លាប់សរសេរមកថា ប្រតិករ),…
គាត់ចង់បង្កើតក្បួនមួយសំរាប់ខ្មែរ ដោយមិនចាំបាច់យើងចំលងពាក្យគេទាំងដុលៗមកប្រើ។ គឺយើងគ្រាន់តែយកពាក្យមេ ហើយមកផ្សំតាមបែបបទក្បួនខ្លួនយើង។
រឿងពាក្យ សិវលិង្គ នេះទៀត បើសរសេរអោយចំទៅ គឺមិនមែនសិវលិង្គទេ តែជា ឝិវលិង្គ ទៅវិញទេ។ តែ ឝ នេះយើងឈប់ប្រើបាត់ទៅហើយ។ (លុបអក្សរមួយនេះចោល ហេតុអ្វីក៏គ្មានអ្នកជំទាស់ថាលុបអក្សរខ្មែរ?)
ពាក្យឧបករ ហ្នឹងគឹខុសហើយ, តែខ្ញុំឃើញគែប្រើនៅក្នុងភូមិវើតប្រែស google…, ព្យាយាមកែដែរតែមិនទាន់បានសម្រេច ។
កាលពីមុនយើងមាន ឝ សំឡេង sh, ស សំឡេង s, ឞ សំឡេង z, តែបច្ចុប្បន្នយើងមានតែ ស ទេ ។
អ្នកសរសេរហ្នឹងប្រហែលគ្មាននរណាក្រៅពីម្នាក់ឈ្មោះ deumtnoat1 នោះទេ។ ខ្ញុំធ្លាប់ព្យាយាមកែសំរួលពាក្យពេចន៍ខ្មែរប្រើក្នុងWordpress ដែរ តែគាត់កែមកអោយដូចអ្វីដែលគាត់សរសេរជានិច្ច។ អ្នកខ្លះទៀតតាមតែខ្ញុំធ្លាប់ដឹងមក ក៏បានព្យាយាមកែដូចគ្នាដែរ តែមិនបានសំរេច។ នេះជាកង្វះខាតដោយសារតែគ្មានការពិភាក្សាគ្នាត្រឹមត្រូវ។
ឝ ឞ ហ្នឹងបើលុបចោលទៅ គ្មាននរណាប្រតិកម្មថាលុបបំបាត់អក្សរសាស្ត្រខ្មែរអីទេ តែបើកែស្រៈពេញតួ ត្រឹមថា ឱ្យ មក ឱយ រឺអោយ គឺរឿងតែម្តង (តាមពិតទៅមិនបាច់និយាយដល់កែទេ ត្រឹមតែបន្ថែមពាក្យ អោយ នេះមួយពាក្យទៀត ដោយរក្សា ឱ្យ អោយនៅដដែល ក៏មិនបានផង)។
ឯកភាពចំពោះសេរីបណ្ឌិត!
នេះតទៅតាសិុក្លូទេ អ្នករាល់គ្នាទៀតអត់ទាក់ទងរ៉េ តាលេងមែនទៀនហ្នងណ្ន ? ហើយមេចក៏ខឹងសម្បើមម្លេះហ្នឹង ? ខ្ញុំខុសគេតាំងពីដើមមក ចូលចិត្តតែតម្រួតរហូត បើមិនជឿរសួរតែ មេៗ នៅវត្តភ្នំ រ៉ៅ !
វិចិត្រ ៖ អីយ៉ា ! ថាឱ្យចំៗតែម្ដង ខ្ញុំក៏ព្យាយាមកែដែរ តែគាត់កែមកវិញអស់ ។ គាត់ហាក់បីដូចជាមិនព្រមបើកចិត្តឱ្យទូលាយដើម្បីទទួលគំនិតអ្នកដទៃសោះ ។ សុំទោសផងបើប៉ះពាល់់ ! តែខ្ញុំគ្រាន់តែនិយាយតាមការយល់ឃើញរបស់ខ្ញុំ…
តែខ្ញុំឆ្ងល់មួយ, ហេតុអ្វីគេចាំបាច់លុបចោលព្យញ្ជនៈ ឝ និង ឞ ? តើនរណាជាអ្នកលុបទៅ ?
ខ្ញុំយល់ថាប្រសិនបើទុកព្យញ្ជនៈទាំងពីរនោះនៅប្រហែលជាល្អម្យ៉ាង ?
ឝាស្ត្រា
ដល់ទៅភាសាអង្គ្លេស
shadow អានថា ឝេដូវ៍
Zone អានថា ឞ៊ូន
see អានថា ស៊ី
ស្រួលសរសេរណាស់ !!!
ជួយកែផងបើខ្ញុំសរសេរខុស ព្រោះខ្ញុំអត់សូវយល់ពីរបៀបប្រើ ឝ និង ឞ ទេគ្រាន់តែដឹងពីវិធីបញ្ចេញសំឡេងរបស់ពួកវា ។
ឝ ត្រូវនឹង श អានថា /ɕ,ʃ/ ដូចជា sure, emo-ti’on,.. ឝ្វេត (ក្លាយជាស្វេតៈ មានន័យថាស) ឝ្វមាំសៈ (សាច់ឆ្កែ) ឝ្លោក
ឞ ត្រូវនឹង ष អានថា /ʂ/ ??? ឞោឌឝភាគ (១ភាគ១៦); ឞោឌឝទាន(ទាន១៦យ៉ាង មានបន្ទប់ កៅអី ទឹក .. ) ឞណ្ឍ (ខ្ទើយ មហាតលឹក) ពាក្យអស់នេះមិនសូវប្រើក្នុងភាសាខ្មែរទេ។
មូលហេតុដែលគណៈកម្មការដំបូងដែលជាអ្នករៀបចំវចនានុក្រមខ្មែរ បោះបង់អក្សរអស់នេះចោល មកពីខ្មែរយើងមានទំលាប់កែ ឝ ឞ មកជា ស ជាទូទៅទៅហើយ។ ដូច្នេះគេក៏លែងប្រើវាទៅ។
តែឥលូវនេះ យើងបង្កើតព្យញ្ជនៈថ្មីបន្ថែមទៀត ដូចជា ហ្វ ស្ហ ហ្ស .. ព្យញ្ជនៈអស់នេះ បើធ្វើជាជើងវិញ ដូចជា ស្ហ្វាស់ ត្ស្ហក… ដល់ទៅ sfok..សរសេរលែងចេញបណ្តោយ។
បែរមកមើលរឿងព្យាង្គរាយព្យាង្គតំរួត វិញ។ បើយើងនិយាយថារក្សាលក្ខណៈខ្មែរ អភិរក្ស នោះបណ្តាពាក្យ
កំណើត កម្នើត
អម្នួត អំនួត …
អំនាង អំណាង អម្នាង..
ដូច្នេះបើថាអភិរក្ស ថាលក្ខណៈព្យាង្គតំរួតជាលក្ខណៈខ្មែរគួរសរសេរ កម្នើត អម្នួត អម្នាង… វិញ។ តែក្រែងលោវាមិនមែនអញ្ចឹង។
តែបើនិយាយរឿងស្រួលចំនាំ មិនស្រួលចំនាំវិញ អញ្ចឹង
ឱ្យ ឱយ អោយ > អំណោយ អំនោយ? អ នៅក្នុងពាក្យអំណោយ នេះជាស្រៈរឺព្យញ្ជនៈ? ជាស្រៈអំ រឺ ជាអ ដាក់ស្រៈអំ? បន្ទាប់មកទៀត ឱ្យ គឺស្រៈ ោ នឹងជើង យ។ តែបើ អំណោយ រឺ អំនោយ ថាអ ជាព្យញ្ជនៈ ហើយដក -ំណ រឺ -ំន ចេញ យើងបាន អោយ។ មិនកាន់តែស្រួល។
តែបើតាមខ្ញុំយល់ សម្តេចជួនណាត ជ្រើសរើស យក កំណើត ជម្រើស សម្តេចមិនយក កម្នើត ជម្រើស បែបនេះទាំងអស់ មកពីកុំអោយថាទោរទៅខាងព្យាង្គតំរួតទាំងអស់ពេក (ព្រោះដំបូងឡើយ វចនានុក្រមខ្មែរ អាចសរសេរបានទាំងពីរបែប គឺកម្នើត កំណើត ជម្រើស ជំរើស…) ក៏បង្កើតបានក្បួននេះចេញមក។ ហើយគ្មាន មូលហេតុអភិរក្ស អីឯណានោះទេ។
បើតាមក្បួនរបស់សម្ដេចសង្ឃ ជួន ណាត ពាក្យដែលតម្រូវឱ្យសរសេរជាព្យាង្គតម្រួត លុះត្រាតែពាក្យនោះជាពាក្យដែលក្លាយពីពាក្យពីឫសមានលក្ខណៈជាព្យាង្គតម្រួតដែរ ។
ឧទាហរណ៍ ៖ ស្រាក ទៅជា សម្រាក, ស្លាប់ ទៅជា សម្លាប់, ប្រាម ទៅជា បម្រាម, ទៅជា បម្រាប់ ជាដើម
ចំណែកឯពាក្យដែលមានប្រភពពីពាក្យឫស ដែលគ្មានលក្ខណៈជាព្យាង្គតម្រួត ខ្ញុំក៏ពុំទាន់ស្រាវជ្រាវឃើញក្បួនសម្រាប់ចំណាំដែរ តែអាចលើកពាក្យមួយចំនួនជាឧទាហរណ៍បាន ។
ឧទាហរណ៍ ៖ កើត ទៅជា កំណើត, សាប ទៅជា សំណាប,
ហើយក៏មានពាក្យមួយដែលសរសេរជាព្យាង្គតម្រួត តែមានប្រភពពីពាក្យឫសជាព្យាង្គរាយ ។
ឧទាហរណ៍ ៖ រត់ ទៅជា ពង្រត់, រាង ទៅជា ពង្រាង, រាយ ទៅជា ពង្រាយ ។
និយាយរួម ចំពោះពាក្យដែលពុំមានប្រភពពីពាក្យឫសដែលជាព្យាង្គតម្រួត គឺពុំមានក្បួនដែលតម្រូវឱ្យសរសេរជាព្យាង្គតម្រួតនោះទេ ។
ម្យ៉ាងទៀត បច្ចុប្បន្នគណៈកម្មការអក្សរសាស្ត្រខ្មែរបានអនុម័តឱ្យប្រើប្រាស់ពាក្យតាមវចនានុក្រមខ្មែរ តែដោយវចនានុក្រមខ្មែរបច្ចុប្បន្ននៅមានលក្ខណៈមិនទាន់គ្រប់គ្រាន់ ទើបតម្រូវឱ្យក្រុមការងារព្យាយាមបង្កើតវចនានុក្រមខ្មែរ ដែលនឹងបោះពុម្ពលើកទី ៦ ។ ស្នាដៃថ្មីនេះនឹងមានបញ្ចូលពាក្យមូយចំនួនដែលយើងប្រើរហូតក្លាយជាទម្លាប់ទៅហើយ តែគេក៏មុនលុបពាក្យចាស់ចោលដែរ និយាយរួមគឺអាចប្រើបានទាំងពីរ តែយើងនៅមិនទាន់ដឹងថាគេនឹងបញ្ចូលពាក្យអ្វីខ្លះទេ ។
ចំពោះពាក្យ ឱ្យ ជាអញ្ញត្រសព្ទមួយ ដែលសម្រេចដោយគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរ គ.ស. ១៩១៥ (ព.ស. ២៤៩៤) ។
ចំពោះភាសាសៀមវិញគេប្រើពាក្យ អំណោយ ជា អាំន្វយ ហើយពាក្យឱ្យ គេសរសេរជា អ្វយ ។
(ដកស្រង់ពីវចនានុក្រមខ្មែរ)
ញុមជាក្មេងជំនាន់ក្រោយ ចំណេះដឹងតិចណាស់
តែដែលម៉ោនេះចង់និយាយថា ការដែលតាសេព្យាង្គតម្រួតមានលក្ខណៈល្អជាង
ខ្ជិលនិយាយនាំវែងឆ្ងាយ វិភាគមើលខ្លួនឯងទៅ
ដូចជាបណ្ឌិតបាននិយាយពីខាងលើ
អរគុណ (និយាយច្រើនខ្លាចគេដេញ)
ច្រើនពេកខ្ញុំមិនបានអានទេ។ តែសុំនិយាយមួយ
ក្រុមការងារដែលខ្ញុំកំពុងធ្វើការសព្វថ្ងៃនេះ គឺធ្វើលើ Handwriting Recognition រឺការធ្វើអោយប្រពន្ធពត៑មានចេះអានអក្សរដែលយើងសរសេរដៃ។ សុំបញ្ជាក់ថា នេះជាប្រធានបទតាំងពី ជាង៥០ឆ្នាំមុន តែការស្រាវជ្រាវនៅតែបន្តរដដែល។ មានមិត្តវៀតណាមម្នាក់នោះ គាត់ចូលចិត្តអូតថាអក្សរវៀតណាម ពិបាកធ្វើ ព្រោះមានដាក់ Accent ច្រើន។ គាត់នឹងនិយាយម្តងៗ យូនោះយូ។ ដល់ខ្ញុំបាននិយាយម្តង ហេហេ លើកតែពាក្យខ្មែរមួយមកជា Example ទេ គឺ ក្បឿង។ ហើយខ្ញុំប្រាប់គាត់ថា អក្សរខ្មែរ សរសេរបានដល់ទៅ ៥ ជាន់ឯណោះ។ ខ្ញុំលើកពីការលំបាក់រឿងអក្សរក្នុងអក្សរ។
គាត់សួរខ្ញុំទៀតថា និយាយរឿង Consonne et Voyelle មានប៉ុន្មាន។ ខ្ញុំថា Consonne ៣៣*2 + voyelle 22 (អត់ច្បាស់) + Consonne ពិសេសជិត១០ទៀត។
បរទេសចង់លោតជាមួយខ្មែរ ទៅម៉េចរួច…
ហេហេ ! ខ្មែរយើងអស្ចារ្យបែបហ្នឹងហើយ ! ចំណុចពិសេសយើងត្រូវអួតបន្តិចហើយ តែកន្លែងហ្នឹងក៏ជាចំណុចមួយដែលពិបាកក្នុងបង្កើតកម្មវិធីដែរ….
ប៉ុន្តែឱ្យតែតស៊ូ គ្មានអ្វីដែលអាចរារាំងកម្លាំងឆន្ទៈរបស់មនុស្សបានទេ….
ខ្ញុំជឿថាគេនឹងអាចធ្វើបាន….
មិនដឹងដល់ពេលណាទេដែលត្រូវសរសេរឲ្យត្រូវគ្រប់គ្នាទេ
គ្រាន់តែពាក្យឲ្យនឹងមានអ្នកសរសេរខុសច្រើនណាស់ទៅហើយមើលទៅអ្នកសរសេរនេះចង់ប្រើពាក្យអោយហើយ
អូ! អ្នកទាំងអស់គ្នាដែលឃើញពាក្យ ហើយ គេសរសេរបែបនេះដែរឬទេ ហើ្យ
ខ្ញុំក៏មិនបានចាំទៅថាបានឃើញនៅត្រង់ណាមួយ
និយាយពីអ្នកសរសេរកម្មវិធីវិញយ៉ាប់ណាស់
ព្រោះអក្សរខ្មែរវាយរាល់ថ្ងៃដូចជាពិបាកបើប្រើណាស់
ខ្ញុំធ្លាប់អានតម្រាហៅព្រលឹង (តំម្មរា ហោវ ព្រះលឹង) ក្នុងសៀវភៅ « ទិដ្ឋភាពអក្សរសាស្ត្រខ្មែរ » របស់បណ្ឌិត ឃីង ហុកឌី ឃើញថាការសរសេរខុសគ្នាពីសម័យបច្ចប្បន្នសឹងតែទាំងស្រុង ។ មិនមែនតែពាក្យ «ហើ្យ» (ហើយ) នោះទេ នៅមានពាក្យ «តោ្យ» (ដោយ) «បា្យ» (បាយ) ។ល។ ហាក់ដូចជា ឱ្យតែប្រើជាមួយព្យញ្ជនៈ «យ» គេសរសេរជា «្យ» ទាំងអស់ ។ ខ្ញុំក៏សូមលើកយកពាក្យមួយចំនួនទៀតដែលខុសពីបច្ចុប្បន្ន ៖ ឱ្ម(ឱម) ព្រះលឹង(ព្រលឹង) ទ្ធំ(ធំ) ទើព្វ(ទើប) ទោវ(ទៅ) តើម(ដើម) អំពី្យ(អំពី) គេ្យ(គេ) ពាស្ស(ពាស) តំម្បូក(ដំបូក) គ្រូវ(គ្រូ) ស្នែហ៌ា(ស្នេហា) គិរិ្យ(គិរី) ខ្ញុំម(ខ្ញុំ) ទាំ្ង(ទាំង)…
សុទ្ធតែអ្នកខ្លាំងខាងចំនេះ និងគំនិតបើជជែកកុំខ្លាំងៗពេក..កុំអោយអន់ចិត្តនឹងគ្នា
ប្រទេសសំបូរបែបខាងភាសា
ខ្ញុំយល់ថា ហេតុដែលសរសេរពាក្យខ្លះជាព្យាង្គតម្រួតព្រោះពាក្យទាំងនោះត្រូវគេសម្គាល់
ថាជាពាក្យមួយម៉ាត់ៗ ឧទាហរណ៍៍ៈ បង្ក បង្កើត បញ្ចេញ បញ្ចូល បន្ត បន្ទាប់។ល។ ពាក្យ
ទាំងនេះ ក្នុងមួយម៉ាត់ៗ មានពីរៗព្យាង្គ បើសរសេរជាព្យាង្គរាយ ដូចៈ បង្ក ជា បង់ក, បង្កើត ជា បង់កើត, បញ្ចេញ ជា បញ់ចេញ, បញ្ចូល ជា បញ់ចូល, បន្ត ជា បន់ត, បន្ទាប់ ជា បន់ទាប់ តើអ្នកអានអាចយល់អត្ថន័យនៃពាក្យដែលសរសេរជាព្យាង្គរាយនោះបាន
ច្បាស់់លាស់ដែរឬទេ ភាសាបរទេស ដូចជា អង់គ្លេសជាដើម ពិតមែនតែគេមិនសរសេរ
តម្រួតពីក្រោមដូចយើង ប៉ុន្តែពាក្យមួយម៉ាត់់ៗ តាមធម្មតា គេសរសេរជាប់គ្នា ទោះបី
ពាក្យនោះមានច្រើនព្យាង្គក៏ដោយ ឧទាហរណ៍ៈ table woman single ។ល។ ពាក្យមួយ
ម៉ាត់ៗទាំងនេះ បើសរសេរឱ្យឃ្លាតពីគ្នា ឃើញថា មិនអាចយល់់អត្ថន័យបាន ។ ដូច្នេះ
ដើម្បីឱ្យងាយយល់់អត្ថន័យក្នុងការអានភាសាខ្មែរ គួរតែរក្សាការសរសេរព្យាង្គតម្រួតទុក
ខ្លះ ប្រសើរជាងការលុបចោលទាំងអស់ ។