ដោយ ៖ ង៉ែត ធនសេរីបណ្ឌិត
ភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០
១. យើងនឹងចាំចងជាប្រវត្តិ
ថ្ងៃដែលត្រូវព្រាត់និរាសឃ្លាត
វេលាបាត់បង់ជនរួមជាតិ
ចូលថ្ងៃថ្មីទៀតនៅមិនភ្លេច ។
២. យើងនឹងចាំចងជាប្រវត្តិ
សោកពារថ្ងៃព្រាត់ចាំជានិច្ច
គ្រួសារព្រាត់ប្រាស់ត្រឹមមួយប្រិច
ប្រាស់ព្រាត់លង់លិចជ្រោះមរណា ។
៣. យើងនឹងចាំចងជាប្រវត្តិ
ថ្ងៃដែលត្រូវព្រាត់ឆ្ងាយកាយា
ព្រាត់ប្រាសនិរាសចាកគ្រួសារ
បានត្រឹមសោកាផ្សាពឺតក្រៃ ។
៤. យើងនឹងចាំចងជាប្រវត្តិ
បើទោះអ្នកព្រាត់យើងអាល័យ
មិនគួរគ្រោះកាចគ្រោះអប្រិយ
គ្រោះមិនប្រណីដល់មនុស្សា ។
៥. យើងនឹងចាំចងជាប្រវត្តិ
បើទោះត្រូវព្រាត់យើងចងចារ
យើងកត់ចំណាំក្នុងចិន្ដា
ដក់ក្នុងឱរារៀងទៅអឺយ ។