បើក្រឡេកមើលក្នុងភាសាខ្មែរ យើងឃើញថាវត្តមាននៃពាក្យថ្មីៗជាច្រើនបានចូលខ្លួនមកបំពេញសេចក្ដីត្រូវការផ្នែកអក្សរសាស្ត្រ ក៏ដូចជាវិស័យផ្សេងៗទៀត ដើម្បីឱ្យស្របទៅនឹងរបត់សង្គមដែលរីកចម្រើនឥតឈប់ឈរ ។ ក្នុងចំណោមវាក្យសព្ទថ្មីៗទាំងនោះ ខ្ញុំសូមលើកយកពាក្យ « ការិយាធិបតេយ្យ » ដែលត្រូវបានគេកំណត់ន័យដូចនឹងពាក្យ « Bureaucracy » ក្នុងភាសាអង់គ្លេស មកធ្វើការបកស្រាយ និងពិភាក្សា ។
បើយើងវិភាគពាក្យ « ការិយាធិបតេយ្យ » យើងនឹងឃើញថាពាក្យនេះកើតចេញពីបណ្ដុំនៃពាក្យ «ការិយ » និង « អធិបតេយ្យ » ។
ពាក្យ « អធិបតេយ្យ » សំដៅលើការយកអ្វីមួយជាធំ ។ ឧទាហរណ៍ ៖ ប្រជាធិបតេយ្យ (ប្រជា+អធិបតេយ្យ) គឺជាសភាពនៃប្រទេសដែលយកប្រជាជនជាអធិបតី ។ សម្គាល់ ៖ ប្រជា (ន.) (បជា) ពពួកសត្វ, ពពួកជន
ចំពោះពាក្យ « ការិយ » វចនានុក្រមខ្មែរពុំបានពន្យល់ន័យពាក្យនេះឡើយ តែវចនានុក្រមបានផ្ដល់និយមន័យនៃពាក្យ « ការិយកម្ម » « ការិយបរិច្ឆេទ » និង « ការិយាល័យ » ។
- ការិយកម្ម (ន.) កិច្ចការ ឬការងារដែលត្រូវធ្វើ (វចនានុក្រមខ្មែរ)
- ការិយបរិច្ឆេទ (ន.) ការកំណត់ ឬកម្រិតនៃកិច្ចការដែលត្រូវធ្វើ; កំណត់រយៈកាលនៃកិច្ចប្រតិបត្តិការខាងហិរញ្ញវត្ថុ, សម័យនៃការប្រព្រឹត្តិទៅរបស់ថវិកា : ក្នុងការិយបរិច្ឆេទ ១៩៦២ នេះ គប្បីបន្ថយមុខចំណាយខ្លះ ដែលមិនជាការចាំបាច់ ។ (វចនានុក្រមខ្មែរ)
- ការិយាល័យ ( ន. ) (ការិយ + អាលយ) ទីកន្លែងធ្វើការ [...] ។(វចនានុក្រមខ្មែរ)
ពាក្យ « ការិយ » នេះជាពាក្យបាលី ដែលបច្ចុប្បន្នក្នុងភាសាហិណ្ឌូគេប្រើជា « कार्य » (KĀRYA) ដែលមានន័យថា « ការងារ » ។
យោងតាមការបកស្រាយខាងលើ ពាក្យ « ការិយាធិបតេយ្យ » មានន័យថាការយកការងារ ឬកិច្ចការជាអធិបតី ។
នេះគ្រាន់តែជាការបកស្រាយរបស់ខ្ញុំ ដោយផ្អែកទៅលើឯកសារមួយចំនួន ។ ហើយខ្ញុំក៏សូមស្វាគមន៍នូវរាល់មតិទាំងឡាយរបស់សាធារណជនដោយក្ដីសោមនស្ស ។
ឯកសារយោង ៖ វចនានុក្រមខ្មែរ និង Google translate
ការិយៈ ជាពាក្យបាលី ក្លាយពីពាក្យសំស្ក្រឹត ការ្យៈ ជាគុណនាម មានន័យថា “ដែលត្រូវធ្វើ”
(វចនានុក្រម PALI-ENGLISH DICTIONARYRHYS DAVIDS និង Dictionnaire sanskrit-français, Gérard Huet)
អរគុណច្រើនលោកគ្រូ !!
hello friend from Turkey
come & promote your blog
greeting u
http://lunatic.skynetblogs.be